គេហទំព័រព័ត៌មានដែលតភ្ជាប់រវាងកម្ពុជានិងជប៉ុន

បទសម្ភាសន៍វិនិយោគគិនជប៉ុនជំនាញផ្នែកអចលនទ្រព្យក្នុងក្រុងភ្នំពេញ!
បទសម្ភាសន៍វិនិយោគគិនជប៉ុនជំនាញផ្នែកអចលនទ្រព្យក្នុងក្រុងភ្នំពេញ!
2023.09.21

ភាពទាក់ទាញនិងតម្លៃអចលនទ្រព្យភ្នំពេញសម្រាប់ជនជាតិជប៉ុន

ខណៈប្រជាជនខ្មែរចាប់ផ្តើមទិញ និងលក់អចលនទ្រព្យដូចជា៖ ដីធ្លី ខុនដូ និងលំនៅដ្ឋានរស់នៅយ៉ាងគគ្រឹកគគ្រេង គេក៏សង្កេតឃើញមានការអភិវឌ្ឍន៍ និងការលក់អចលនទ្រព្យជាច្រើនធ្វើឡើងដោយអ្នកវិនិយោគបរទេសផងដែរ។ មានប្រជាជនមកពីប្រទេសជប៉ុន ដែលភាគច្រើននៅក្នុងទីក្រុងភ្នំពេញ បានទិញអចលនៈទ្រព្យភាគច្រើនក្នុងគោលបំណងវិនិយោគ។ យើងខ្ញុំបានសាកសួរអ្នកស្រី អានណា អំពីភាពទាក់ទាញនៃតម្លៃអចលនទ្រព្យក្នុងក្រុងភ្នំពេញ នាពេលបច្ចុប្បន្ន និងទំនោរនាពេលអនាគត។

អ្នកស្រីបាន​ធ្វើ​អាជីវកម្មផ្នែកអចលនទ្រព្យ​នៅ​កម្ពុជា​ជិត​១០​ឆ្នាំមក​ហើយ តើ​អ្នកស្រី​ឃើញ​ការ​ប្រែប្រួល​នៅ​ភ្នំពេញ​ដូចម្តេចខ្លះ?

នាងខ្ញុំសូមជម្រាបថា ក្រុមហ៊ុន​របស់​យើងខ្ញុំ​បាន​ចាប់​ផ្តើម​អាជីវកម្ម​នៅ​ទីក្រុង​ភ្នំពេញ​ក្នុង​ឆ្នាំ២០១៣ ពោលគឺ​កាលពី១០ឆ្នាំមុន។ នាងខ្ញុំ​គិត​ថា​បរិយាកាស​រស់នៅ​ក្នុង​រាជធានី​ភ្នំពេញ​មាន​ភាព​ប្រសើរ​បើ​ធៀប​នឹង​ពេល​ដែល​ប្រព័ន្ធ​ផ្គត់ផ្គង់​ទឹកស្អាត និងទឹកលូ និង​ផ្លូវថ្នល់នៅ​មិន​ទាន់​បាន​អភិវឌ្ឍ​ពេញលេញកាលពីជាង១០ឆ្នាំមុន។ មិត្តភាពជប៉ុន និងកម្ពុជាកាន់តែមានភាពស្និទ្ធស្នាលគ្នាខ្លាំង ក្រោយពេលដែល ជើងហោះហើរពីជប៉ុនផ្ទាល់មកកម្ពុជា ធ្វើឡើងដោយក្រុមហ៊ុនអាកាសចរ ANA តែជាអកុសលឥឡូវនេះវាលែងមានទៀតហើយ។

នាងខ្ញុំ​ខ្លួន​ឯង​គិត​ថា បើ​ធៀប​នឹង​១០​ឆ្នាំ​មុន រាជធានីភ្នំពេញ មាន​ចំនួនផ្សារទំនើប​ច្រើន​ជាងមុន ហើយការរស់នៅគឺ​​កាន់​តែ​ស្រួល​ជាងមុនច្រើន។ ដោយសារជំងឺកូវីដ១៩ នាងខ្ញុំមិនអាចទៅមកភ្នំពេញបានប្រហែលជា៤ឆ្នាំមកហើយ ប៉ុន្តែពេលនេះ នាងខ្ញុំមកកម្ពុជាម្តងរៀងរាល់ពីរខែម្តង។

តើវិបត្តិជំងឺកូវីដ១៩បានប៉ះពាល់ដល់អាជីវកម្មរបស់អ្នកស្រីដែរ ឬទេ?

អាជីវកម្មផ្នែក​អចលនទ្រព្យ​នៅ​ក្រៅ​ប្រទេស​​បាន​រង​ផល​ប៉ះពាល់​យ៉ាង​ខ្លាំង។ ទោះជាយ៉ាងណាក៏ដោយ អចលនទ្រព្យដែលយើងខ្ញុំគ្រប់គ្រង គឺត្រូវបានធានាយ៉ាងពេញលេញដោយក្រុមហ៊ុនអភិវឌ្ឍន៍ ហើយយើងខ្ញុំបានទទួលសំណងត្រឡប់មកវិញត្រឹមត្រូវ ដូច្នេះ វាហាក់ដូចជាពុំមានផលប៉ះពាល់អ្វីខ្លាំងដល់ការសម្រេចចិត្តរបស់អតិថិជនដែលបានធ្វើការវិនិយោគទេ។ ជាការពិតណាស់ ក៏មានអ្នកវិនិយោគខ្លះចង់សម្រេចចិត្តវិនិយោគបន្ទាប់ពីពិនិត្យមើលតម្លៃអចលនទ្រព្យនៅលើគេហទំព័រ ដូច្នេះយើងខ្ញុំបានប្តូរទៅជាវិធីសាស្រ្តនៃការភ្ជាប់ទៅកាន់គេហទំព័រអនឡាញ និងមើលវីដេអូសម្រាប់អតិថិជនបែបនេះ។ បច្ចុប្បន្ន យើង​បាន​បន្ត​ដំណើរការចុះទៅមើលផ្ទាល់ ហើយ​អ្នក​វិនិយោគដែល​ចង់​មើលផ្ទាល់នូវអចលនទ្រព្យគឺអាចចុះទៅមើលដោយផ្ទាល់បាននៅ​នឹង​កន្លែង។

តើទីក្រុងភ្នំពេញមានចំណុចទាក់ទាញអ្វីខ្លះ?

នាងខ្ញុំ​គិត​ថា​ភ្នំពេញ​ជា​កន្លែង​ងាយ​ស្រួល​ក្នុង​ការ​រស់​នៅ ព្រោះ​ដើម​ឡើយ​វា​ជា​ក្រុងក្រោមអាណានិគម​បារាំង ហើយមាន​ទីប្រជុំជន​ត្រូវ​បាន​ថែទាំ​យ៉ាង​ល្អ និង​មាន​គ្រោះ​មហន្តរាយ​តិច​តួច​បង្ករឡើងដោយការរញ្ជួយ​ដី និង​ព្យុះ​ជាដើម។ វប្បធម៌​អាហារ​ខ្មែរក៏​ត្រូវចិត្ត​ប្រជាជន​ជប៉ុន​ដែរ ហើយ​មាន​ភោជនីយដ្ឋាន​ជា​ច្រើន​ដែល​បម្រើ​ម្ហូប​អន្តរជាតិ ដូច្នេះ​សម្រាប់ជប៉ុនគឺទាំងម្ហូបខ្មែរនិងបរទេសគ្រប់​យ៉ាង​គឺ​ឆ្ងាញ់។

បើ​និយាយ​ពី​ការ​វិនិយោគ​វិញ វា​មាន​ភាព​ទាក់ទាញ​ក្នុង​ការ​ធ្វើ​ពាណិជ្ជកម្ម​ជា​ប្រាក់​ដុល្លារ​អាមេរិកនៅកម្ពុជា។ ការប្រាក់លើប្រាក់បញ្ញើរបស់ធនាគារមានកម្រិតខ្ពស់ ហើយជនបរទេសអាចទិញអចលនទ្រព្យបានទៀត។ ប្រសិនបើការជួលដំណើរការត្រឹមត្រូវ វានឹងក្លាយជាប្រភពនៃប្រាក់ចំណូលមានស្ថេរភាពមួយសម្រាប់អ្នកវិនិយោគជប៉ុន ដែលវាក៏គួរឱ្យទាក់ទាញផងដែរ។

បើមើលពីផ្លូវច្បាប់វិញ មិនមានបញ្ហាអ្វីធំដុំទេ ព្រោះនីតិវិធីចុះឈ្មោះក្រុមហ៊ុនអាចបំពេញបានដោយត្រឹមត្រូវ។ ទោះយ៉ាងណាក៏ដោយ ក្នុងករណីខ្លះ ពុំសូវមានអ្នកជួលច្រើនដូចការរំពឹងទុកដែរ ដូច្នេះនាងខ្ញុំគិតថា វាជាកត្តាហានិភ័យមួយត្រូវពិចារណា។

រាជធានីភ្នំពេញមានចំនួនប្រជាជនជាង២លាននាក់ ប៉ុន្តែគេថានៅឆ្នាំ២០៣៥ នឹងមានប្រជាជនប្រមាណ៣លាននាក់ រួមទាំងជនបរទេសផងដែរ។ តើអ្នកស្រីរំពឹងអ្វីខ្លះពីក្រុមហ៊ុនអចលនទ្រព្យឆ្លើយតបទៅនឹងកំណើនប្រជាពលរដ្ឋបែបនេះ?

អ្នកជួលអចលនទ្រព្យមួយចំនួនដែលយើងគ្រប់គ្រងគឺជាជនជាតិខ្មែរ ហើយពួកគេភាគច្រើនបានរស់នៅក្រៅប្រទេសយូរមកហើយ ហើយបានត្រឡប់មកប្រទេសកម្ពុជាវិញ។ ចំពោះអតិថិជនបែបនេះមានទំនោរជ្រើសរើសខុនដូដែលមានសុវត្ថិភាពល្អសម្រាប់ការរស់នៅរបស់ពួកគាត់។ នាងខ្ញុំ​គិត​ថា​ចំនួន​អ្នក​មានធនធាន​នៅ​កម្ពុជា​នឹង​បន្ត​កើន​ឡើង​នៅ​ពេល​អនាគត។ ម្យ៉ាងទៀត ដោយសារចំនួនជនបរទេសកើនឡើង នាងខ្ញុំគិតថាតម្រូវការបន្ទប់បែប ១បន្ទប់គេង និង ២បន្ទប់គេង នឹងកើនឡើង។ ម្យ៉ាងវិញទៀត បច្ចុប្បន្នមានបន្ទប់សម្រាប់គ្រួសារតិចតួចនៅឡើយ ដូច្នេះប្រសិនបើចំនួនជនបរទេសដែលមកជាមួយគ្រួសារកើនឡើងនាពេលអនាគត នាងខ្ញុំគិតថាការផ្គត់ផ្គង់បន្ទប់សម្រាប់គ្រួសារនឹងក្លាយជាបញ្ហាថ្មីត្រូវគិតគូ។ អចលនទ្រព្យដែលយើងខ្ញុំធ្វើការជួលកន្លងមកមានតែបន្ទប់តូចៗប៉ុណ្ណោះ ហើយយើងធ្លាប់ភ្ជាប់បន្ទប់ដើម្បីប្រើប្រាស់ជាលក្ខណៈគ្រួសារ។ លើសពីនេះ តាមទស្សនៈនៃអចលនៈទ្រព្យដែលងាយស្រួលសម្រាប់គ្រួសារ នាងខ្ញុំគិតថាមានតម្រូវការសម្រាប់អចលនទ្រព្យដែលមានគ្រឿងបរិក្ខារ និងកន្លែងកម្សាន្តទូទៅពេញលេញ ដូចជាការមានហាងស្ប៉ានៅក្នុងអគារតែមួយ និងកន្លែងដែលកុមារអាចលេងបានជាដើម។

ក្រុមហ៊ុនរបស់យើងមិនធ្វើការងារអ្នកអភិវឌ្ឍន៍(សាងសង់) ឬទាក់ទាញអ្នកអភិវឌ្ឍន៍ទេ។ យ៉ាងណាមិញ ប្រសិនបើចំនួនប្រជាជនមានពី២លានឡើងទៅ៣លាននាក់ នាងខ្ញុំគិតថាទីក្រុងភ្នំពេញនៅតែត្រូវបានចាត់ទុកថាជាទីផ្សារតូចមួយសម្រាប់អ្នកអភិវឌ្ឍន៍ធំៗរបស់ជប៉ុន។ នាងខ្ញុំសង្ឃឹមថានឹងមានអ្នកអភិវឌ្ឍន៍ដ៏ល្អដែលអាចនឹងវិនិយោគលើទីផ្សារពិសេសបែបនេះបាន។

តើ​វិស័យ​អចលន​ទ្រព្យ​នៅ​រាជធានី​ភ្នំពេញមានបញ្ហា​ប្រឈម​​អ្វី​ខ្លះ?

មិនត្រឹមតែប្រទេសកម្ពុជាប៉ុណ្ណោះទេ មានករណី “ការអភិវឌ្ឍន៍អចលនទ្រព្យឈប់មុនគម្រោងបញ្ចប់” កើតមានឡើងជាច្រើនដែរ។ នេះដោយសារតែមានគំរូអាជីវកម្មជាច្រើនដែលអចលនទ្រព្យត្រូវបានលក់ចាប់ពីដំណាក់កាលរៀបចំផែនការអភិវឌ្ឍន៍ដំបូង ហើយការសាងសង់ត្រូវបានធ្វើឡើងក្រោយការប្រមូលប្រាក់ តែក្រុមហ៊ុនអភិវឌ្ឍន៍មានបញ្ហាក្នុងការបង្វិលថវិកានាំឱ្យមានការរាំងស្ទះជាដើម។ ដូច្នេះនាងខ្ញុំ​គិត​ថាគួប្បីត្រូវ​បង្កើត​លំហូរ​នៃ​ការ​អភិវឌ្ឍដែលមាន​ផ្លូវ​ច្បាប់​ត្រឹមត្រូវ និង​ការ​លក់​បន្ទាប់​ពី​អចលនទ្រព្យ​​សាងសង់​រួច។

នាងខ្ញុំ​គិត​ថា​វា​គួរតែ​មាន​ប្រព័ន្ធ​ធានា​រ៉ាប់រង​ដូច​ជា​ការ​ផ្តល់​សំណង​ដល់​អ្នក​ទិញ​ ​ប្រសិន​បើ​ការ​សាងសង់​បាន​បញ្ឈប់​នៅ​ពាក់​កណ្តាល​ទី។ ជាការពិតណាស់ យើងអាចនិយាយបានថា វាជាជម្រើសនិងជាទំនួលខុសត្រូវខ្លួនឯងចំពោះការទិញអចលនទ្រព្យណាមួយ ប៉ុន្តែប្រសិនបើហានិភ័យបែបនេះកើនឡើងច្រើន នោះទីផ្សារអចលនទ្រព្យកម្ពុជាទាំងមូលនឹងមានរូបភាពអវិជ្ជមានមិនខាន។

ម្យ៉ាងវិញទៀត នាងខ្ញុំគិតថា យើងត្រូវធ្វើឱ្យប្រសើរឡើងនូវការឆ្លើយតបរបស់ក្រុមហ៊ុនគ្រប់គ្រង បន្ទាប់ពីអចលនទ្រព្យត្រូវបានសាងសង់។ ប្រសិនបើក្រុមហ៊ុនគ្រប់គ្រងមិនខិតខំប្រឹងប្រែងបង្កើនការពេញចិត្តរបស់អតិថិជនទេ អ្នកជួលនឹងមិនមកទៀតទេ ព្រោះរាល់ពេលដែលអចលនទ្រព្យថ្មីត្រូវបានសាងសង់ អតិថិជននឹងចាកចេញទៅកន្លែងថ្មីទាំងនោះជាមិនខាន។

នាងខ្ញុំក៏គិតដែរថា ការប្រមូលទុនបំរុងសម្រាប់ការជួសជុលថែទាំកំពុងនិងបានមានចំនួនច្រើនឡើងៗជាបណ្តើរៗ ប៉ុន្តែក៏មានសំណួរថាតើថវិការប្រមូលទាំងនោះពិតជាត្រូវបានប្រើប្រាស់សម្រាប់ការជួសជុល ថែទាំត្រឹមត្រូវដែរឬទេ។ វាមិនទាន់ជាបញ្ហាទេសម្រាប់ពេលឥឡូវនេះព្រោះវាជាទុនប្រមូលបានថ្មីៗ ប៉ុន្តែនាងខ្ញុំគិតថាវានឹងក្លាយទៅជាបញ្ហាក្នុងរយៈពេល៥ ឬ១០ឆ្នាំខាងមុខ ប្រសិនបើការចាត់ចែងពុំមានតម្លាភាព។

ដូច្នេះចំពោះភ្នាក់ងារជាអ្នកលក់ នាងខ្ញុំគិតថាវានឹងបង្កជាបញ្ហា ប្រសិនបើយើងមិនប្រាប់អតិថិជនថាមានការចំណាយផ្សេងៗដូចជា ថ្លៃគ្រប់គ្រងទាំងអស់នោះជាដើម។

តើអ្នកស្រីគិតថានឹងមានទំនោរជាវអចលនទ្រព្យពីប្រជាជនខ្មែរនៅជប៉ុនកើតឡើងដែរទេ?

នាងខ្ញុំគិតថានឹងមាន។ ក្រុមហ៊ុនយើងខ្ញុំក៏មានបំណងណែនាំពីអចលនទ្រព្យនៅក្នុងប្រទេសជប៉ុនដែរ ប៉ុន្តែបច្ចុប្បន្នមានគម្រោងនៅកម្ពុជាច្រើនពេក នៅពុំទាន់អាចធ្វើការងារណែនេះនៅឡើយ។ នាងខ្ញុំក៏មានស្គាល់ក្រុមហ៊ុនអចលនទ្រព្យច្រើនដែលណែនាំអចលនទ្រព្យជប៉ុនទៅកាន់បរទេសដែរ។ ដោយសារបច្ចុប្បុន្នតម្លៃប្រាក់យ៉េនជប៉ុនក៏កំពុងថយចុះផង នាងខ្ញុំគិតថាតម្រូវការនេះនឹងកើនឡើង។

ជាចុងក្រោយ តើអ្នកនាងមានពាក្យពេជន៍អ្វីខ្លះទេ?

បច្ចុប្បន្ន ការមានជាកម្មសិទ្ធ និងការវិនិយោគលើវិស័យអចលនទ្រព្យនៅក្រៅប្រទេសកាន់តែមានចំនួនកើនឡើងបើប្រៀបធៀបជាមួយកាលពីមុន ដូច្នេះនាងខ្ញុំគិតថានឹងមានការចាប់អារម្មណ៍កាន់តែច្រើនឡើងថែមទៀតពីជប៉ុនមកកាន់ប្រទេសកម្ពុជា។ នាងខ្ញុំគិតថាប្រទេសកម្ពុជាមានភាពទាក់ទាញ ព្រោះជាប្រទេសដែលបើកចំហសម្រាប់ការវិនិយោគពីបរទេស ខណៈប្រជាជនជប៉ុនមានទ្រព្យជាសាច់ប្រាក់យ៉េនជប៉ុន កំពុងគិតអំពីការការពារហានិភ័យជាមួយនឹងរូបិយប័ណ្ណបរទេស។

មានមនុស្សមួយចំនួនប្រហែលជាគិតថានយោបាយកម្ពុជាអាចនឹងផ្លាស់ប្តូរនៅពេលអនាគត ហើយច្បាប់អាចនឹងផ្លាស់ប្តូរដែរ ប៉ុន្តែគួរចាំថាសេដ្ឋកិច្ចកម្ពុជានៅតូចនៅឡើយ ហើយដើមទុនបរទេសត្រូវបានទទួលយកសម្រាប់ធ្វើឱ្យមានកំណើនសេដ្ឋកិច្ច ដូច្នេះនាងខ្ញុំមិនគិតថានឹងមិនមានការផ្លាស់ប្តូរភ្លាមៗកើតឡើងនោះទេ។ ក្រុមហ៊ុនយើងខ្ញុំ​នឹង​តាម​ដាន​ស្ថានការណ៍​នៅ​កម្ពុជា ហើយ​ផ្សព្វផ្សាយ​ពី​ភាព​ទាក់ទាញ​របស់​ប្រទេស​កម្ពុជា​ទាក់ទង​នឹង​ការ​វិនិយោគពី​បរទេសបន្តទៀត៕

Anna Advisors Co.,Ltd
Unit No. FO-1025, Flatiron by Meridian, Street 102, Phnom Penh City Centre, Sangkat Srah Chok, Khan Daun Penh, Phnom Penh, Kingdom of Cambodia
info@annaadvisors.com
Tel: 023 97 2014 / 012 833 290

 

 

 

この記事が気に入ったら
いいね!しよう

We will send you the latest information

Relate Article

ពីនេះពីនោះអំពី SEA GAME 2023 នៅកម្ពុជា

2023.05.12 NyoNyum KhmerNyoNyum Khmer Special TopicsSpecial Topics

កម្មវិធី The Voice Kids Cambodia

2023.02.01 NyoNyum KhmerNyoNyum Khmer Special Topics

ក្រុមហ៊ុន ហង្សមាស

2023.02.01 NyoNyum KhmerNyoNyum Khmer Special Topics

ក្រុមហ៊ុនទូរទស្សន៍ បាយ័ន

2023.02.01 NyoNyum KhmerNyoNyum Khmer Special Topics

ការសុំសីលក្នុងពុទ្ធសាសនា

2022.12.14 NyoNyum KhmerNyoNyum Khmer Special Topics

ពិធីបំបួសនាគ

2022.12.01 NyoNyum KhmerNyoNyum Khmer Special Topics未分類

ការអប់រំរបស់ព្រះសង្ឃ

2022.11.25 NyoNyum KhmerNyoNyum Khmer Special Topics

សួនបៃតងអង្គរ

2022.10.13 NyoNyum Khmer Special Topics未分類

ហូតែល Bayon Modern Residence

2022.10.13 NyoNyum Khmer Special Topics未分類

ហាងអាហារជប៉ុន Izakaya DAI

2022.10.04 NyoNyum Khmer Special Topics未分類

ស្រ្តីក្នុងវិស័យយោធា

2022.08.04 NyoNyum Khmer Special Topics未分類

ស្រ្តីក្នុងវិស័យជំនួញ

2022.07.22 NyoNyum Khmer Special Topics未分類

មន្ទីរពេទ្យសត្វជប៉ុន

2022.05.30 NyoNyum Khmer Special Topics未分類

Recommend Articles

ពីនេះពីនោះអំពី SEA GAME 2023 នៅកម្ពុជា

2023.05.12 NyoNyum KhmerNyoNyum Khmer Special TopicsSpecial Topics

SEA Games 2023 in Cambodia

2023.05.11 NyoNyum Khmer