គេហទំព័រព័ត៌មានដែលតភ្ជាប់រវាងកម្ពុជានិងជប៉ុន

ឆ្មាកាហ្វេ (CHHMA Catfé )
ឆ្មាកាហ្វេ (CHHMA Catfé )
2022.05.27

មានទីតាំងស្ថិតនៅចំកណ្តាលតំបន់ទេសចរណ៍ក្នុងទីក្រុងភ្នំពេញ ឆ្មាកាហ្វេ គឺជាហាងដ៏ទំនើបទាន់សម័យមួយ ដែលភ្ញៀវជាតិ និងអន្តរជាតិ អាចទៅសម្រាកកម្សាន្តលម្ហែជាមួយសត្វឆ្មាចិញ្ចឹម ដែលនាំយកមកពីបណ្តាប្រទេសល្បីៗនានា លើពិភពលោក។ មានចម្ងាយដោយថ្មើរជើងប្រមាណត្រឹមតែ ២នាទី ចេញពីសារមន្ទីរជាតិ ឆ្ពោះទៅកាន់ទិសខាងកើត(មាត់ទន្លេ) តាមផ្លូវលេខ១៧៨ នោះគេនឹងឃើញហាងឆ្មាកាហ្វេ ស្ថិតនៅខាងឆ្វេងដៃ។ ឆ្មាខេតហ្វេ កំពុងទទួលបាននូវការចាប់អារម្មណ៍ច្រើនពីបណ្តាអ្នកស្រឡាញ់សត្វឆ្មា រស់នៅក្នុងទីក្រុងភ្នំពេញ។ យើងខ្ញុំបានសាកសួរម្ចាស់ហាង គឺលោក ឆន សុវណ្ណដា (៣៣ឆ្នាំ) អំពីការបើកដំណើរការហាងរបស់លោកដូចខាងក្រោម។

រឿងរ៉ាវនៃការបើកហាងកាហ្វេ

ខ្ញុំបានបើកហាងកាហ្វេដែលមានសត្វឆ្មានេះ បានរយៈពេល ៤ ឆ្នាំមកហើយ បើគិតចាប់ពីខែ មិថុនា ឆ្នាំ២០១៨ មក។ ចំពោះហេតុផលដែលនាំឱ្យខ្ញុំបើកហាងកាហ្វេឆ្មានេះឡើង គឺដោយសារការស្រលាញ់ ខ្វះឆ្មាមិនបាន ពោលគឺឱ្យតែមានឆ្មានៅជិត គឺធ្វើឱ្យខ្ញុំសប្បាយចិត្ដ ណាមួយទៀត គឺខ្ញុំចូលចិត្ដសត្វឆ្មាតាំងពីតូចមកម្ល៉េះ។ ម្យ៉ាងទៀត ខ្ញុំក៏មានចំណូលចិត្ត ទៅលេងស្រុកក្រៅផងដែរ ដូច្នេះ រាល់ពេលចេញទៅប្រទេសក្រៅម្តងៗ ខ្ញុំតែងតែសង្កេតឃើញមានអ្នកចិញ្ចឹមសត្វឆ្មាច្រើន ទាំងជាលក្ខណៈផ្ទាល់ខ្លួនផង និងជាបែបជំនួញផង។ ដោយឃើញថាស្រុកខ្មែរយើងមិនទាន់មានជំនួញបែបនេះនៅឡើយ បូករួមនឹងការស្រលាញ់ ចូលចិត្ដឆ្មាតាំងពីតូចផងនោះ វាបាននាំឱ្យខ្ញុំមានគំនិតបង្កើតហាងកាហ្វេឆ្មានេះឡើងមកតែម្តងទៅ។

ការចំណាយក្នុងមុខជំនួញនេះ

ដំបូងខ្ញុំចិញ្ចឹមតែឆ្មាខ្មែរទេ ប៉ុន្តែដល់ពេលមានការងារធ្វើ និងមានប្រាក់ចំណូលខ្ញុំក៏ចាប់ផ្ដើមសន្សំប្រាក់ដើម្បីទិញឆ្មាពូជពីបរទេស។ ពូជឆ្មា ដែលទិញលើកទីមួយ គឺយកមកពីប្រទេសស្កត់លេន (Scotland)។ នៅក្នុងហាងកាហ្វេឆ្មាខ្ញុំបច្ចុប្បន្ន មានពូជឆ្មាដែលនាំចូលមកពីបរទេសច្រើនដែលមានដូចជា៖ ពូជពីប្រទេសថៃ បណ្តាប្រទេសប៉ែកអឺរ៉ុប និងរុស្ស៊ីជាដើម។ តាមពិតទៅ ប្រសិនបើយើងចិញ្ចឹមឆ្មាឱ្យដិតដល់ក្នុងឆ្មាមួយក្បាល គឺវាស្ទើតែស្មើនឹងការចិញ្ចឹមកូនមនុស្សម្នាក់អ៊ីចឹង។ វាមិនដូចអ្វីដែលបងប្អូននៅ ខ្មែរយើងមួយចំនួនចិញ្ចឹមឆ្មាតាមផ្ទះ គឺគ្រាន់តែដាក់ចំណី ហើយក៏មិនចាំបាច់មើលថែ និងយកចិត្តទុកដាក់លើវាឱ្យបានត្រឹមត្រូវនោះទេ។ ដូច្នេះ ការបើកហាងកាហ្វេឆ្មានេះឡើង គឺខ្ញុំត្រូវចំណាយលើការទិញពូជឆ្មាពីបរទេសល្អៗ ព្រមទាំងមើលថែទាំយ៉ាងដិតដល់បំផុត ជាពិសេស គឺអនាម័យ។ ដូច្នេះ ការចិញ្ចឹមឆ្មានៅទីនេះ គឺមានការចំណាយច្រើន ហើយបុគ្គលិកនីមួយៗមមារញឹកច្រើនផងដែរជាមួយនឹងការថែទាំឆ្មាទាំងអស់នេះ។ ម្យ៉ាងទៀត បើយើងមិនយល់ពីរបៀបចិញ្ចឹមពូជឆ្មាច្បាស់លាស់ទេនោះ យើងនឹងជួបបញ្ហាប្រឈមដូចជា៖ ការធ្វើឱ្យសត្វឆ្មាឆាប់ងាប់ ការកើតជម្ងឺផ្សេងៗ នេះបើនិយាយពីការយកពូជឆ្មាពីស្រុកគេមកចិញ្ចឹម។

អ្នកចូលចិត្ដមកលេងកម្សាន្

ភាគច្រើនមានក្មេងៗ ជាពិសេសយុវវ័យ គឺចូលចិត្ដមកលេងនៅទីនេះច្រើន។ បើថ្ងៃសៅរ៍អាទិត្យវិញ មានជាលក្ខណៈគ្រួសារ ដែលភាគច្រើនជាអ្នកទីក្រុងភ្នំពេញនេះផ្ទាល់តែម្តង។ មានជនជាតិជប៉ុន កូរ៉េ ចិន អាមេរិក ក៏ធ្លាប់មកលេងដែរ ប៉ុន្តែខណៈមានការបិទខ្ទប់ដោយសារជំងឺកូវីដ១៩ កន្លងទៅផងបាននាំឱ្យមានចំនួនអ្នក មកលេងថយចុះមួយរយៈ។ ចំពោះគូស្នេហ៍ភាគច្រើនក៏មានមកលេងកម្សាន្ដច្រើនដែរ។ ពេលខ្លះទោះបីអ្នកខ្លះគាត់មិនសូវចូលចិត្ដឆ្មាក៏ដោយ តែដោយសារដៃគូរបស់គាត់ចូលចិត្ដគាត់ក៏មកលេងជាមួយគ្នាក៏មានដែរ។ ជាទូទៅ ទាំងអ្នកចូលចិត្ត និងមិនធ្លាប់ចូលចិត្តសត្វឆ្មាពីមុន គឺពួកគាត់ឧស្សាហ៍មកណាស់ ព្រោះឆ្មាយើងស្អាត មាន អនាម័យ និងមិនបង្កនូវបញ្ហាអ្វីដល់ពួកគាត់នោះទេ។ សម្រាប់ការមកទស្សនាកម្សាន្ដវិញ គឺតម្រូវឱ្យភ្ញៀវបង់ប្រាក់ថ្លៃចូលទស្សនា ដែលសម្រាប់មនុស្សពេញវ័យ គឺម្នាក់ ៣.៥ដុល្លារ រីឯកូនក្មេងវិញ គឺ ៣ដុល្លារក្នុងម្នាក់។ ហាងយើងខ្ញុំតម្រូវឱ្យភ្ញៀវទាំងអស់ពាក់ស្រោមជើងថ្មី ដើម្បីចូលលេងជាមួយឆ្មាក្នុងហាង ដែលស្រោមជើងដ៏ស្រស់ស្អាតមួយគូនោះ គឺផ្តល់ជូនពុំគិតថ្លៃទុកជាអនុស្សាវរីយផង រួមជាមួយតម្លៃសំបុត្រចូល។ សូមបញ្ជាក់ថា ឆ្មាគឺជាប្រភេទសត្វដែលគួរឱ្យស្រលាញ់បំផុត ហើយវាភាគច្រើនឆ្លាតៗ ដែលមនុស្សភាគច្រើនមិនដែលគិតថាចង់ធ្វើបាបវានោះទេ។ ចំពោះអ្នកស្រលាញ់ខ្លាំងវិញ សឹងតែចាត់ទុកសត្វឆ្មាស្មើនឹងកូនខ្លួនឯងបង្កើតក៏មានដែរ។

ដំណើរការហាងឆ្មាខេតហ្វេ

ជាទូទៅ អ្នករស់នៅក្នុងទីក្រុងភ្នំពេញ គឺមមាញឹកនឹងការរៀនសូត្រ និងការងារច្រើន ដូច្នេះ នៅពេលទំនេរពួកគាត់តែងតែនឹករកអ្វីដែលថ្មី និងប្លែក សម្រាប់កម្សាន្ដជីវិតពួកគាត់ ខុសពីអ្នករស់នៅខេត្ត។ ស្របនឹងកាលៈទេសៈបែបនេះ និងដោយសង្កេតឃើញមានកំណើននៃការនិយមចូលចិត្ដសត្វឆ្មា ពីសំណាកអ្នករស់នៅទីក្រុងភ្នំពេញ ជាពិសេសពីក្រុមយុវវ័យផងនោះ ទើបយើងខ្ញុំបានរចនានូវហាងឆ្មាកាហ្វេដ៏ទំនើបនេះឡើង។ នៅក្នុងហាងឆ្មាកាហ្វេយើងខ្ញុំមានលក់ឧបករណ៍លេងរបស់ឆ្មា ទ្រុងដាក់ឆ្មា និងចំណី ឆ្មាដែលមានគុណភាពខ្ពស់ ព្រមទាំងមានសេវា ទទួលថែទាំសត្វឆ្មាផងដែរ។ ឆ្មាកាហ្វេ គឺជាហាងកាហ្វេឆ្មាដែលមានការឆ្នៃប្រឌិតទំនើបទាន់សម័យ និងកំណត់តាមស្តង់ដារអនាម័យខ្ពស់ ថ្មីប្លែក តែមួយគត់នៅក្នុងប្រទេសកម្ពុជា និងកំពុងទទួលបានការទាក់ទាញ ពីភ្ញៀវជាតិ និងអន្តរជាតិបន្តិចម្តងៗផងដែរ៕

សម្រាប់ពត៌មានបន្ថែម
【NyoNyum Khmer No. 51】




この記事が気に入ったら
いいね!しよう

We will send you the latest information

Relate Article

ពីនេះពីនោះអំពី SEA GAME 2023 នៅកម្ពុជា

2023.05.12 NyoNyum KhmerNyoNyum Khmer Special TopicsSpecial Topics

កម្មវិធី The Voice Kids Cambodia

2023.02.01 NyoNyum KhmerNyoNyum Khmer Special Topics

ក្រុមហ៊ុន ហង្សមាស

2023.02.01 NyoNyum KhmerNyoNyum Khmer Special Topics

ក្រុមហ៊ុនទូរទស្សន៍ បាយ័ន

2023.02.01 NyoNyum KhmerNyoNyum Khmer Special Topics

ការសុំសីលក្នុងពុទ្ធសាសនា

2022.12.14 NyoNyum KhmerNyoNyum Khmer Special Topics

ពិធីបំបួសនាគ

2022.12.01 NyoNyum KhmerNyoNyum Khmer Special Topics未分類

ការអប់រំរបស់ព្រះសង្ឃ

2022.11.25 NyoNyum KhmerNyoNyum Khmer Special Topics

សួនបៃតងអង្គរ

2022.10.13 NyoNyum Khmer Special Topics未分類

ហូតែល Bayon Modern Residence

2022.10.13 NyoNyum Khmer Special Topics未分類

ហាងអាហារជប៉ុន Izakaya DAI

2022.10.04 NyoNyum Khmer Special Topics未分類

ស្រ្តីក្នុងវិស័យយោធា

2022.08.04 NyoNyum Khmer Special Topics未分類

ស្រ្តីក្នុងវិស័យជំនួញ

2022.07.22 NyoNyum Khmer Special Topics未分類

មន្ទីរពេទ្យសត្វជប៉ុន

2022.05.30 NyoNyum Khmer Special Topics未分類

របរទិញនិងរើសអេតចាយ

2022.03.22 NyoNyum Khmer Special Topics未分類

Recommend Articles

ពីនេះពីនោះអំពី SEA GAME 2023 នៅកម្ពុជា

2023.05.12 NyoNyum KhmerNyoNyum Khmer Special TopicsSpecial Topics

SEA Games 2023 in Cambodia

2023.05.11 NyoNyum Khmer