គេហទំព័រព័ត៌មានដែលតភ្ជាប់រវាងកម្ពុជានិងជប៉ុន

តើអ្នកយល់ឃើញដូចម្តេចចំពោះសត្វចិញ្ចឹមរបស់អ្នក?
តើអ្នកយល់ឃើញដូចម្តេចចំពោះសត្វចិញ្ចឹមរបស់អ្នក?
2022.05.16

តើអ្នកធ្លាប់សង្កេតឃើញគេដឹកសត្វឆ្កែតាមម៉ូតូ ឬឡាននៅក្នុងក្រុងភ្នំពេញដែរ ឬទេ? ខណៈវត្តមាននៃអ្នកស្រឡាញ់និងចូលចិត្តសត្វចិញ្ចឹម កំពុងមានការកើនឡើងនៅក្នុងទីក្រុងភ្នំពេញ បច្ចុប្បន្ន យើងក៏សង្កេតឃើញវត្តមានអ្នកបណ្តើរសត្វឆ្កែដើរកម្សាន្តនៅតាមសួនច្បារ និងវត្តមានអ្នកចិញ្ចឹមសត្វឆ្មានៅផ្ទះក៏មានច្រើនដែរ។ ក្រៅពីសត្វចិញ្ចឹមឆ្កែ និងឆ្មា ក៏មានអ្នកចិញ្ចឹមសត្វត្រី និងទន្សាយនៅតាមគេហដ្ឋានដើម្បីជាការមើលកម្សាន្តជាដើម។ យើងដឹងថានៅមានសត្វចិញ្ចឹមដទៃទៀតដែលខ្មែរយើងនិយមចិញ្ចឹម ប៉ុន្តែ តើអ្នកចិញ្ចឹមទាំងអស់នោះគិតយ៉ាងណាចំពោះសត្វចិញ្ចឹមរបស់គាត់?បុគ្គលិកញញឹមបានសាកសួរម្ចាស់សត្វចិញ្ចឹមទាំងនោះ អំពីការយល់ឃើញទូទៅលើសត្វចិញ្ចឹមរបស់គាត់។

កញ្ញា ចន្ធី អាយុ២២ឆ្នាំ និស្សិត រស់នៅក្នុងរាជធានីភ្នំពេញ

«ខ្ញុំមើលឃើញថា ការចិញ្ចឹមសត្វឆ្កែ និងវត្តមានអ្នកនាំសត្វឆ្កែ មកកម្សាន្តនៅតាមសួនច្បារ ហាក់កើនឡើងគួរឱ្យចាប់អារម្មណ៍។ ខ្ញុំនាំសត្វឆ្កែរបស់ខ្ញុំចេញមកលម្ហែនៅសួនជាញឹកញាប់ដើម្បីកម្សាន្តបំបាត់ភាពតានតឹង និងដើម្បីធ្វើឱ្យសត្វឆ្កែរបស់ខ្ញុំមិនសូវខ្លាចគេ។ ក្រៅពីប្រលែងលេងជាមួយ ប៉មប៉ម ដើម្បីបំបាត់ភាពអផ្សុក ខ្ញុំគិតថាសត្វឆ្កែ គឺឆ្លាតណាស់ ហើយក៏ងាយស្រួលក្នុងការចិញ្ចឹមថែមទៀតផង។

ប៉ុន្តែ ក៏ត្រូវចំណាយថវិការទៅលើចំណី និងពេលវេលាក្នុងការសម្អាតកន្លែងរស់នៅរបស់វា រួមទាំងការងូតទឹកជាប្រចាំនិងការសម្អាតរោមរបស់វាជាដើមផងដែរ។ ប៉មប៉មបង្ហាត់អី គឺឆាប់ចាំណាស់!»។

កញ្ញា ស៊ាងហ៊ាង អាយុ២២ឆ្នាំ និស្សិតរស់នៅក្នុងរាជធានីភ្នំពេញ

«ខ្ញុំគិតថា ការចិញ្ចឹមសត្វបែបកម្សាន្តជាពិសេសឆ្កែ និងឆ្មា នៅក្នុងស្រុកខ្មែរយើងសព្វថ្ងៃ មានការរីកចម្រើនជាងមុនមួយកម្រិត ប៉ុន្តែបើធៀបនឹងបរទេសវិញ អត្រាអ្នកចូលចិត្តចិញ្ចឹមសត្វនិងមើលថែដិតដល់ នៅប្រទេសយើង នៅមានកម្រិតនៅឡើយទេ។ ខ្ញុំស្រឡាញ់ចូលចិត្តសត្វឆ្កែតាំងតែពីក្មេងមកម្ល៉េះ។ ពែបស៊ី ជាឆ្កែដែលឆ្លាតពីកំណើត ខ្ញុំមិនបានយកវាទៅឱ្យរៀននៅសាលាទេ ហើយខ្ញុំក៏មិនបានបង្រៀនវាច្រើនណាស់ណាដែរ តែវាឆ្លាតណាស់។

មែនទែនទៅ ពែបស៊ី វាប្រៀបបានជាមិត្តដ៏ជិតស្និទ្ធរបស់ខ្ញុំម្នាក់ ដោយរាល់ពេលខ្ញុំពិបាកចិត្ត អផ្សុក និងទំនេរពីការងារ ខ្ញុំតែងតែលេងកម្សាន្តជាមួយវា ដើម្បីឱ្យអារម្មណ៍របស់ខ្ញុំមានភាពប្រសើរឡើង។ ខ្ញុំមិនគាំទ្រការប្រើហិង្សាលើសត្វចិញ្ចឹមទេ ដ្បិតពួកវាមានសាច់ឈាម និងចេះឈឺចាប់ដូចមនុស្សយើងដែរ»។

បងស្រី កន្និការ អាយុ៣៤ឆ្នាំ ស្រ្តីមេផ្ទះ រស់នៅខេត្តសៀមរាប

“ដោយសារជំងឺកូវីដ១៩ និងមានការរឹតត្បិតការចេញទៅក្រៅនាពេលកន្លងមក ប្តីរបស់ខ្ញុំបានសម្រេចចិត្តចំណាយថវិការមួយចំនួនដើម្បីចិញ្ចឹមត្រីខយនេះ។ ដំបូងបំផុតគាត់បានចំណាយប្រាក់ទិញត្រីខយពូជជប៉ុនឈ្មោលៗ ចំនួន ២ក្បាលដែលក្នុងមួយក្បាលតម្លៃរហូតដល់ ២៨០ដុល្លា ដើម្បីយកមកបង្កាត់ជាមួយពូជត្រីខយប្រទេសថៃ ដែលទទួលបានពីបងប្អូន។ បើគិតទាំងថ្លៃធ្វើអាងចិញ្ចឹមទៀត យើងបានចំណាយប្រាក់ប្រមាណជាង ១០០០ដុល្លា ដើម្បីចិញ្ចឹមត្រីខយទាំងនេះ។

ក្រៅតែពីការចំណាយថវិការលើថ្លៃចំណី និងថ្លៃបំពាក់ឧបករណ៍អុកស៊ីសែន ព្រមទាំងការលាងសម្អាត ម្តងឬពីរដងក្នុងមួយសប្តាហ៍ គឺគ្មានផលលំបាកអ្វីចំពោះការចិញ្ចឹមត្រីខយនេះទេ។ យើងទាំងអស់គ្នាចូលចិត្តពួកវាព្រោះវាមានពណ៌ស្រស់ស្អាត និងឮគេថាត្រីខយនាំឱ្យមានហុងស៊ុយល្អដល់ក្រុមគ្រួសារអ្នកចិញ្ចឹម ដូច្នេះ ទើបយើងសម្រេចចិត្តចំណាយប្រាក់ដើម្បីចិញ្ចឹមត្រីខយទាំងនេះ”។

កញ្ញា ដារី អាយុ២៣ឆ្នាំ គ្រូបង្រៀននៅរាជធានីភ្នំពេញ

“ឆ្មាជាសត្វដែលខ្ញុំចូលចិត្ត និងស្រឡាញ់បំផុតតាំងពីខ្ញុំនៅកុមារភាព។ ខ្ញុំបានចិញ្ចឹមឆ្មានៅឯស្រុកកំណើត ដោយកាលពីពេលនោះការចិញ្ចឹមរបស់ខ្ញុំមិនបានមើលថែវាដិតដល់នោះទេ គ្រាន់តែចិញ្ចឹមទុកវានៅផ្ទះសម្រាប់ចាប់សត្វកណ្ដុរប៉ុណ្ណោះ។ ដ្បិតខ្ញុំចិញ្ចឹមក្នុងគោលបំណងបែបនេះ តែខ្ញុំពិតជាចូលចិត្តវាខ្លាំងណាស់។ មកទល់បច្ចុប្បន្នខ្ញុំមានឆ្មាចិញ្ចឹមដែលស្រឡាញ់បំផុត ជាពិសេសខ្ញុំបានយល់ពីតម្លៃនៃការថែទាំសត្វឆ្មានៅពេលមករៀននៅភ្នំពេញ។ ខ្ញុំចិញ្ចឹមសត្វឆ្មាព្រោះវាមានរូបរាង និងរោមគួរឱ្យទាក់ទាញ។ ខ្ញុំចិញ្ចឹមដើម្បីកម្សាន្ត និងទុកជាមិត្តម្នាក់របស់ខ្ញុំ។ នៅពេលចាប់កាន់បបោសអង្អែលឆ្មា ធ្វើឱ្យខ្ញុំមានអារម្មណ៍ល្អ ហើយអាចរំសាយភាពតានតឹងបានផងដែរ។

សព្វថ្ងៃ មានអ្នករស់នៅទីក្រុងភាគច្រើនបានប្ដូរផ្នត់គំនិតទៅលើសត្វចិញ្ចឹមរបស់ពួកគាត់។ ខ្ញុំឃើញអ្នកខ្លះហ៊ានចំណាយថវិកាច្រើនដើម្បីទិញសត្វឆ្កែ ឬឆ្មាមកចិញ្ចឹម និងឱ្យតម្លៃពួកវាទុកដូចជាសមាជិកមួយក្នុងក្រុមគ្រួសារ”។

យុវជន យុងឈី អាយុ២០ឆ្នាំ ជានិស្សិតរស់នៅក្នុងរាជធានីភ្នំពេញ

“ខ្ញុំបានចិញ្ចឹមឆ្មានេះរយៈពេលមួយឆ្នាំមកហើយមូលហេតុដែលនាំឱ្យខ្ញុំចិញ្ចឹមសត្វឆ្មា ព្រោះវាមើលទៅគួរឱ្យអាណិត ស្រលាញ់ និងឆ្លាត ជាពិសេសវាជួយចាប់កណ្ដុរក្នុងផ្ទះ។” យុវជនរូបនេះរៀបរាប់បន្តថាក្រៅពីការចាត់ទុកសត្វឆ្មារបស់គាត់ដូចជាសមាជិកគ្រួសារម្នាក់ គាត់តែងតែផ្ដល់ភាពកក់ក្ដៅ មើលថែ និងយកចិត្តទុកដាក់លើវា ដូចជា ពេលវាឈឺយកវាទៅពេទ្យជាដើម។ ជាមួយគ្នានេះដែរ យុវជន យុងឈី ប្រាប់ថាការចិញ្ចឹមឆ្មាក៏ជួបប្រទះនូវផលលំបាកមួយចំនួនដែរ។ “ឆ្មាខ្ញុំវាចូលចិត្តដើរចេញទៅនៅផ្ទះគេ ដូច្នេះ ខ្ញុំបារម្ភក្រែងមានការរំខានអ្នកជិតខាង ជាពិសេសចំពោះអ្នកជិតខាងដែលមិនចូលចិត្តសត្វឆ្មា។” ទោះជាយ៉ាងណានេះក្តី លោកតែងតែព្យាយាមរកដំណោះស្រាយ និងអត់ធ្មត់ចំពោះបញ្ហានេះ។

ទន្ទឹមនឹងនេះ យុវជនរូបនេះ ក៏គាំទ្រឱ្យមានច្បាប់គាំពារសត្វចិញ្ចឹម ដើម្បីកុំឱ្យមានការធ្វើបាប និងហិង្សាកើតមានទៅលើសត្វចិញ្ចឹមគ្រប់ប្រភេទ។

លោក សុងយូ អាយុ២៨ឆ្នាំ បុគ្គលិកក្រុមហ៊ុនឯកជន និងជាអាជីវករលក់សត្វទន្សាយរស់នៅក្រុងភ្នំពេញ

លោក សុងយូ បានប្រាប់ពីដើមហេតុនៃការទិញសត្វទន្សាយមកចិញ្ចឹម និងការផ្តើមបើករបរលក់សត្វទន្សាយចិញ្ចឹមដូច្នេះថា៖ “អំឡុងពេលខ្ញុំរៀនជំនាញកសិកម្មនៅភ្នំពេញ ខ្ញុំបានចាប់អារម្មណ៍ទន្សាយដែលលោកគ្រូខ្ញុំចិញ្ចឹមនៅក្នុងសាលានោះ។ វាមើលទៅពិតជាទាក់ទាញ និងគួរឱ្យស្រឡាញ់។ ក្រោយមកនៅឆ្នាំ២០១៣ ខ្ញុំបានទិញកូនទន្សាយមួយគូឈ្មោលមួយញីមួយយកមកចិញ្ចឹមកម្សាន្តក្នុងតម្លៃមួយក្បាល ៥ដុល្លារហើយវាបានបន្តពូជជាបន្តបន្ទាប់។ ដោយសារកំណើនកូនទន្សាយដែលខ្ញុំចិញ្ចឹមទាំងនោះមានកាន់តែច្រើន នៅឆ្នាំ២០១៥ ខ្ញុំក៏បានចាប់ផ្ដើមអាជីវកម្មលក់សត្វទន្សាយនៅលើបណ្ដាញសង្គមហ្វេសប៊ុកតែម្តងទៅ”។

ចំពោះចំណីសម្រាប់សត្វទន្សាយវិញ លោកសុងយូ បានណែនាំឱ្យអ្នកចិញ្ចឹមសត្វទន្សាយប្រើប្រាស់ចំណីសម្រេចសម្រាប់សត្វទន្សាយ ព្រោះវាធ្វើឱ្យទន្សាយមានសុខភាពល្អ និងធំធាត់លឿន។ ចំពោះការថែទាំវិញ គេត្រូវកំណត់ពេលផ្ដល់ចំណីឱ្យបានទៀងពេលក្នុងមួយថ្ងៃ ៣ដង ហើយបរិមាណចំណីក៏ត្រូវកំណត់ឱ្យត្រឹមត្រូវដូចគ្នា។ រួមជាមួយគ្នានេះ ការផ្ដល់ទឹកឱ្យបានជាប់និងការសម្អាតកន្លែងរស់នៅរបស់វាឱ្យបានស្អាតជាប្រចាំ ក៏ជារឿងសំខាន់ផងដែរ៕

この記事が気に入ったら
いいね!しよう

We will send you the latest information

Relate Article

ពីនេះពីនោះអំពី SEA GAME 2023 នៅកម្ពុជា

2023.05.12 NyoNyum KhmerNyoNyum Khmer Special TopicsSpecial Topics

កម្មវិធី The Voice Kids Cambodia

2023.02.01 NyoNyum KhmerNyoNyum Khmer Special Topics

ក្រុមហ៊ុន ហង្សមាស

2023.02.01 NyoNyum KhmerNyoNyum Khmer Special Topics

ក្រុមហ៊ុនទូរទស្សន៍ បាយ័ន

2023.02.01 NyoNyum KhmerNyoNyum Khmer Special Topics

ការសុំសីលក្នុងពុទ្ធសាសនា

2022.12.14 NyoNyum KhmerNyoNyum Khmer Special Topics

ពិធីបំបួសនាគ

2022.12.01 NyoNyum KhmerNyoNyum Khmer Special Topics未分類

ការអប់រំរបស់ព្រះសង្ឃ

2022.11.25 NyoNyum KhmerNyoNyum Khmer Special Topics

សួនបៃតងអង្គរ

2022.10.13 NyoNyum Khmer Special Topics未分類

ហូតែល Bayon Modern Residence

2022.10.13 NyoNyum Khmer Special Topics未分類

ហាងអាហារជប៉ុន Izakaya DAI

2022.10.04 NyoNyum Khmer Special Topics未分類

ស្រ្តីក្នុងវិស័យយោធា

2022.08.04 NyoNyum Khmer Special Topics未分類

ស្រ្តីក្នុងវិស័យជំនួញ

2022.07.22 NyoNyum Khmer Special Topics未分類

មន្ទីរពេទ្យសត្វជប៉ុន

2022.05.30 NyoNyum Khmer Special Topics未分類

ឆ្មាកាហ្វេ (CHHMA Catfé )

2022.05.27 NyoNyum Khmer Special Topics未分類

របរទិញនិងរើសអេតចាយ

2022.03.22 NyoNyum Khmer Special Topics未分類

សាលាដូង សាលាច្នៃពីសំរាម?!

2022.03.22 NyoNyum Khmer Special Topics未分類

ប្រាសាទអង្គរវត្ត

2022.01.26 NyoNyum Khmer Special Topics

土器作り 60 年

2015.12.29 未分類

土と生きる

2015.09.01 未分類

ケーマ

2015.06.28 未分類

男性陶工

2015.03.02 未分類

2014.12.23 未分類

ハガーレストラン

2014.11.04 未分類

村の新しい選択

2014.11.02 未分類

アレーバー

2014.08.27 未分類

ワンモア

2014.06.29 未分類

Recommend Articles

ពីនេះពីនោះអំពី SEA GAME 2023 នៅកម្ពុជា

2023.05.12 NyoNyum KhmerNyoNyum Khmer Special TopicsSpecial Topics

SEA Games 2023 in Cambodia

2023.05.11 NyoNyum Khmer